កម្មវិធីជួបជុំបុគ្គលិក

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ @ កំពត

“ប្រសិទ្ធភាព” ជាពាក្យគន្លឹះសម្រាប់កម្មវិធីជួបជុំបុគ្គលិករបស់ ហ្វឺស ហ្វាយនែន ឆ្នាំនេះ។ ក្នុងមតិបើកកម្មវិធី លោកស្រីអគ្គនាយិកា ជុន សុថានី បានផ្ដោតលើ ពាក្យ “ប្រសិទ្ធភាព” សម្រាប់បុគ្គលិកទាំងអស់ចងចាំ។ លោកស្រីបានសង្កត់ធ្ងន់ថា ពាក្យ “ប្រសិទ្ធភាព”  មានន័យថាជាលទ្ធភាពក្នុងការសម្រេចលទ្ធផលដែលបានកំណត់/គ្រោងទុក។ ដើម្បីសម្រេចកិច្ចការនេះបានលោកស្រី បានស្នើដល់បុគ្គលិកទាំងអស់ ឲ្យរក្សាការសួរខ្លួនឯងមុនពេលបំពេញការងាររបស់ខ្លួនថា ៖ “តើមានវិធីអ្វីផ្សេងឬទេ ដែលអាចឲ្យខ្ញុំធ្វើបានប្រសើរជាងនេះឬទេ?” ការបង្កើតទំលាប់បែបនេះ បុគ្គលិកនឹងសម្រេចបានកាន់តែច្រើនមិនថាគោលដៅផ្ទាល់ខ្លួន និងគោលដៅក្រុមហ៊ុន។ សាខាដែលសម្រចបានលទ្ធផលល្អប្រចាំឆ្នាំ និងបុគ្គលិក ដែលបានបម្រើការងារជាមួយ ហ្វឺស ហ្វាយនែន បានយ៉ាងតិច ៥ឆ្នាំ ត្រូវបានផ្ដល់ជូននូវបណ្ណសរសើរ នៅក្នុងកម្មវិធីនេះផងដែរ។

កម្មវិធីណែនាំសម្រាប់អតិថិជន

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ @ ភ្នំពេញ

ហ្វឺស ហ្វាយនែន បានបន្តកម្មវិធីប្រាប់ត! ឈ្នះត! សម្រាប់អតិថិជនរបស់ខ្លួន ដែលតាមរយៈកម្មវិធីនេះ អតិថិជនអាចមានឱកាសឈ្នះរង្វាន់ នៅពេលពួកគេណែនាំអ្នកផ្សេងទៀតឲ្យទទួលបានកម្ចីរបស់យើង។ យី ចន្នី ជាកម្មការនីរោងចក្រ បានឈ្នះរង្វាន់ធំ ម៉ូតូហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពីការចាប់ឆ្នោតនៃកម្មវិធីរដូវកាលទី៣។ យី ចន្នី បានមានប្រសាសន៍ថា នាងស្ទើរតែមិនជឿថានាងបានឈ្នះរង្វាន់ធំពីកម្មវិធីនេះទេ នៅពេលបុគ្គលិក ហ្វឺស ហ្វាយនែនជម្រាបព័ត៌មានលើកដំបូង ប៉ុន្តែនៅពេលទទួលបានរង្វាន់ជាក់ស្ដែង នាងពិតជាសប្បាយរីករាយជាខ្លាំង។

កម្មវិធីផ្សព្វផ្សាយផលិតផល

ខែតុលា និងវិច្ឆិកា ឆ្នាំ២០១៩

កម្មវិធីផ្សព្វផ្សាយផលិតផលជាសកម្មភាពមួយនៃយុទ្ធនាការទីផ្សារ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់យើង រួមទាំងការបង្កើនការយល់ដឹងពីស្ថាប័ន។ ក្រុមនិស្សិតសាកលវិទ្យាល័យបានចូលរួមកម្មវិធីនេះ ដែលពួកគេអាចទទួលបានបទពិសោធន៍ការងារដំបូង។ ក្រុមការងារទីផ្សាររបស់យើងសហការជាមួយបុគ្គលិកខេត្ត បានរៀបចំកម្មវិធីនេះចំនួន ២ដង នៅខេត្តកំពង់ចាម និងកំពត ក្នុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១៩ ។ ក្រុមនិស្សិតទទួលបានការតម្រង់ទិសលើការផ្សព្វផ្សាយសារ និងចែកចាយសម្ភារផ្សព្វផ្សាយ មុនពេលពួកគេចាប់ផ្ដើមការងារ។

ដំណើរទស្សនកិច្ចរបស់ដៃគូ

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ @ ភ្នំពេញ

ហ្វឺស ហ្វាយនែន បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Musoni ដែលមានមូលដ្ឋាននៅក្នុងប្រទេសកេនយ៉ា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីនីតិវិធីក្នុងការផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូច ដល់គ្រួសារកម្ពុជាដែលមានចំណូលទាប និងមធ្យម។ ជំនួបរយៈពេល ១ថ្ងៃពេញជាមួយបុគ្គលិកជំនាញរបស់ ហ្វឺស ហ្វាយនែន ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ស៊ីម្រៅទៅលើ នីតិវិធីក្នុងការវាយតម្លៃឥណទានរបស់អតិថិជនដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ នីតិវិធីក្នុងការអភិវឌ្ឍផលិតផល (ដូចជា កម្ចីទិញផ្ទះ កម្ចីទិញដី កម្ចីសាងសង់ ឬជួសជុលផ្ទះ) ការផ្តល់ប្រឹក្សាដល់អតិថិជនទាក់ទងនឹងហានិភ័យជុំវិញការទិញ/លក់អចលនទ្រព្យ និងដំណើរការវាយតម្លៃកម្ចី និងអនុម័តកម្ចីលើឧបករណ៍ ថាប្លេតថ៍ (Tablet) ជាដើម ។

វគ្គបណ្ដុះបណ្ដាលពីសិទ្ធកាន់កាប់ពេញលេញលើអចលនទ្រព្យ

កាលពីឆ្នាំទៅ បុគ្គលិកជំនាញរបស់ ហ្វឺស ហ្វាយនែន បានទទួលការបណ្តុះបណ្ដាលលើសិទ្ធិអចលនទ្រព្យពីមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងឆ្នាំនេះ ក្រុមការងាររបស់យើងបានផ្ដល់វគ្គបណ្ដុះបណ្ដាលបន្តដល់បុគ្គលិកពាក់ព័ន្ធមកពីគ្រប់សាខា ដើម្បីឲ្យពួកគេអាចផ្ដល់ប្រឹក្សាដល់អតិថិជន ពីការកាត់បន្ថយហានិភ័យ នៅពេលទិញ ឬលក់អចលនទ្រព្យ។ ជាពិសេសទៀតនោះ ការបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើង ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិលើអចលនទ្រព្យ​ ការពិនិត្យលើប្រភេទប្លង់អចលនទ្រព្យ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។ បុគ្គលិកពាក់ព័ន្ធដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានដូចជា ប្រធានសាខា មន្ត្រីប្រឹក្សាឥណទាន មន្ត្រីទំនាក់ទំនងអតិថិជន មន្ត្រីវាយតម្លៃអចលនទ្រព្យ មន្ត្រីវាយតម្លៃឥណទាន បុគ្គលិកផ្នែកលក់ មន្ត្រីរដ្ឋបាលឥណទាន និងមន្ត្រីបម្រើសេវាអតិថិជន​។