តើអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ត្រូវការលក់ផ្ទះឲ្យបានឆាប់ដាច់ទេ?​ អ្នកបានគិតហើយក៏ធ្វើរឿងជាច្រើនតាមដែលអាចធ្វើបានដូចជា សម្អាតសំរាម ដុសលាងសម្ភារៈ ឬជួសជុលរបស់របរផ្សេងៗ។ រួចហើយអ្នកក៏អង្គុយចាំមើលថាមានអ្នកទិញដែលហ៊ានឲ្យតម្លៃថ្លៃមកទិញផ្ទះអ្នក។ មើលទៅអ្នកច្បាស់ជាអន្ទះអន្ទែងណាស់ហើយ។ ដូច្នេះមានអ្វីផ្សេងទៀតទេដែលអ្នកគួរធ្វើដើម្បីទទូលបានតម្លៃខ្ពស់?​ចម្លើយគឺ មាន! មានកត្តាសាញ្ញមៗមួយចំនួនដែលអ្នកអាចធ្វើដើម្បីលក់ឆាប់ដាច់ហើយមិនប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នក។

១. ទិដ្ឋភាពដែលទាក់ទាញ

លោកអ្នកប្រហែលធ្លាប់ឮពាក្យថា ភាពទាក់ទាញដំបូងដក់ជាប់ចិត្តយូរ។ វាចំាបាច់ណាស់ដើម្បីជួយឲ្យផ្ទះអ្នកលក់ឆាប់ដាច់។ ឬក៏អាចនិយាយម្យ៉ាងទៀតថា តើអ្នកនឹងមានអារម្មណ៍ដូចម្តេចពេលដែលគេជិះកាត់ផ្ទះរបស់អ្នកជាលើកដំបូង?

លោកអ្នកគួរតែចេញទៅឈរនៅមុខផ្ទះហើយពិចារណាពីរូបរាងនិងទិដ្ឋភាពផ្ទះរបស់អ្នក។ បើនៅតែមិនទាន់អស់ចិត្ត លោកអ្នកអាចរកមនុស្សពីរបីនាក់មកជួយមើលថែមទៀត។ ហើយបើអាចធ្វើការជួសជុលលើអ្វីដែលអ្នកឃើញថាចាំបាច់ នោះកាន់តែប្រសើរ។

សូមធានាឲ្យបានថាទិដ្ឋភាពខាងមុខផ្ទះរបស់អ្នកមានសណ្តាប់ធ្នាប់និងស្អាត។ ព្រមទាំងផ្លូវចូលផ្ទះនិងបរិវេនជុំវិញផងដែរ។ ទិដ្ឋភាពខាងក្រៅនឹងទាក់ទាញអ្នកទិញឲ្យពិចារណាផ្ទះរបស់អ្នក ហើយបើអ្នកសម្អាតបរិវេនខាងក្នុងបានប្រសើរទៀតនោះនឹងជំរុញចិត្តគេឲ្យចូលមើលក្នុងផ្ទះ។ ​

២. យល់ពីគោលដៅនៃការលក់

នេះជាចំនុចសំខាន់មួយដែលនឹងធ្វើឲ្យផ្ទះលោកអ្នកលក់ឆាប់ដាច់។ លោកអ្នកត្រូវដឹងពីចំនុចសំខាន់របស់ផ្ទះលោកអ្នក។ យើងដឹងហើយថាផ្ទះនីមួយៗមានភាពល្អប្លែកខុសៗគ្នា។ តើអ្នកនៅចំាទេថាហេតុអ្វីបានជាអ្នកសំរេចចិត្តទិញផ្ទះមួយនេះ?​ តើភ្ញៀវដែលមកលេងផ្ទះអ្នកចូលចិត្តអ្វីពីផ្ទះមួយនេះ?​ បើអ្នកពិបាករកហេតុផលល្អពីផ្ទះរបស់អ្នក លោកអ្នកអាចសួរយោបល់ពីអ្នកជំនាញអចលនទ្រព្យ។

ការកំនត់គោលដៅនៃការលក់មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់អ្នកទិញ។ តើវាមានទំធំដូចម្តេច?​ នៅជិតផ្សារ?​ នៅជិតសាលា?​ ឬតំបន់ប្រជុំជន? កត្តាទាំងនេះនឹងធ្វើឲ្យផ្ទះលោកអ្នកមានតម្លៃ។

៣. ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ

សូមធ្វើអារម្មណ៍ថាវានឹងមិនមែនជាផ្ទះអ្នកទៀត។ យើងដឹងថាអ្នកមានអនុស្សាវរីយ៍ច្រើន។ តែបើចង់លក់ឆាប់ដាច់ត្រូវតែដាក់ចិត្តថាវានឹងលែងជារបស់អ្នកឆាប់ៗនេះ។ ធ្វើបែបនេះ មានន័យថាអ្នកកំពុងធ្វើអ្វីដែលទាក់ទាញអ្នកទិញ។ លោកអ្នកអាច ដកទុករូបថតគ្រួសារ របស់របរផ្ទាល់ខ្លួន ។ល។ សូមចងចំាថា អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជនដែលមកមើលមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ មិនមែនជារបស់អ្នកទៀតទេ។ សូមធ្វើឲ្យផ្ទះអ្នកមានភាពសាញ្ញម ហើយនិងស្អាត ព្រមទាំងប្រមូលរបស់របរទុកឲ្យបានស្អាត។ ជាមួយគ្នានេះផងដែរ កុំភ្លេចធ្វើឲ្យមានភាពកក់ក្តៅដល់អតិថិជនពេលដែលគេចូលមកមើលផ្ទះអ្នក។

៤. ប្រយ័ត្នក្លិនស្អុយ

រឿងបន្តិចបន្តួចអាចធ្វើឲ្យអតិថិជនដកចិត្ត។ ក្លិនស្អុយអាចធ្វើឲ្យញើសឈាមនៃការរៀបចំរបស់អ្នកទាំងអម្បាលម៉ានកា្លយជាអសាបង់។​ សូមព្យាយាមកំចាត់ក្លិនអាក្រក់ទាំងឡាយដោយ៖

  • សម្អាតកន្លែងលាងចាននិងកន្លែងបង្ហូរសំណល់
  • ធ្វើឲ្យមានខ្យល់ចេញចូល
  • សម្អាតកន្លែងចម្អិនអាហារឲ្យបានស្អាត
  • សម្អាតកំរាលព្រំ (បើមាន)
  • យកគ្រឿងសង្ហារឹមចាស់ៗចេញ

យើងអាចនិយាយបានថា ក្លិនល្អនៅក្នុងផ្ទះមានភាពទាក់ទាញដល់អ្នកទិញ។ បើអ្នកមិនដឹងដាក់ក្លិនអ្វីឲ្យក្រអូបល្អទេ លោកអ្នកប្រហែលអាចសាកល្បងឆុងកាហ្វេដែលឈ្ងុញពេលដែលអតិថិជនចូលមក។

៥. កំណត់តម្លៃឲ្យសមរម្យ

ការកំណត់តម្លៃសមរម្យជាកត្តាមួយដែលនឹងមានឥទ្ធិពលលើល្បឿននៃការលក់របស់អ្នក។ ចំណុចនេះហើយដែលអ្នកត្រូវការអ្នកអចលនទ្រព្យជួយ។ មានមនុស្សជាច្រើនគិតថា ការជៀសវាងអ្នកអចលនទ្រព្យអាចចំណេញប្រាក់ តែតាមពិត អ្នកអចលនទ្រព្យអាចរកអតិថិជនដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកបានឆាប់រហ័សទៅវិញទេ។ វាមានសារៈ​ប្រយោជន៍មួយចំនួនអំពីអ្នកអចលនទ្រព្យ។ ពិតណាស់ការកំនត់តម្លៃសមរម្យវាជាផ្នែកមួយសំខាន់។​ ដោយសារតែអ្នកអចលនទ្រព្យនឹងទទួលបានកំរៃជើងសារពីលោកអ្នក នោះពួកគេនឹងព្យាយាមលក់ផ្ទះរបស់អ្នកឲ្យបានតម្លៃអតិបរមាក្នុងពេលវេលាសមស្របមួយ។​ ស្របជាមួយនឹងបទពិសោធន៍និងចំនេះដឹងពីទីផ្សារ​ ពួកគេអាចកំនត់ថ្លៃដែលសមស្របនឹងទីផ្សារបច្ចុប្បន្នបានប្រសើរជាងលោកអ្នក។ ពួកគេក៏មានបណ្តាញជាច្រើនដែលអាចនឹងធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះរបស់អ្នកបានទូលំទូលាយថែមទៀត។

សូមកុំកំណត់តម្លៃខ្ពស់ខ្លាំងពេក បើសិនជាអ្នកនឹងត្រូវបញ្ចុះមកវិញ។ តម្លៃផ្ទះខ្ពស់ពេកនោះវានឹងស្ថិតនៅក្នុងបញ្ជីអចលនទ្រព្យរយៈពេលយូរ ដែលវានឹងប៉ះពាល់ដល់ប្រយោជន៍របស់អ្នកទៅវិញ។ បើសិនជាអ្នកសម្រេចចិត្តចង់លក់ហើយ សូមកំណត់តម្លៃឲ្យសមរម្យថានឹងលក់តែម្តងទៅ។