គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន (FIRST FINANCE) កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួនបានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
FIRST FINANCE កំពុងយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួន ដោយពួកគេអាចប្រឹក្សាដោយផ្ទាល់ ឬតាមរយៈទូរសព្ទ លើបញ្ហាទិញលក់ ឬគ្រប់គ្រងលើអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ ជាមួយបុគ្គលិកផ្នែកលក់របស់ស្ថាប័ននៅគ្រប់សាខា។ ចំពោះសាធារណៈជន ពួកគេអាចទទួលបានការប្រឹក្សាតាមរយៈការហៅទូរសព្ទមកកាន់លេខ ០៩៣ ៦៦៦៦ ៣៥ នៅរៀងរាល់ម៉ោងធ្វើការ។
ការផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់នេះ ជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដែល FIRST FINANCE រួមជាមួយដៃគូសហការ បានបង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីផ្តល់នូវចំណេះដឹងបន្ថែមដល់សាធារណៈជន ដែលក្នុងនោះមានកម្មវិធី និងសកម្មភាពសំខាន់ៗមួយចំនួនទៀតដូចជា កម្មវិធីសិក្ខាសាលាអប់រំសម្រាប់សាធារណៈជន ដែលបានរៀបចំកាលពីខែតុលា ឆ្នាំ២០១៨ ការផ្សព្វផ្សាយខ្សែរវីដេអូរពីខ្លឹមសារដែលបានបកស្រាយដោយវាគ្មិនដែលអញ្ជើញពីក្រសួងពាក់ព័ន្ធ និងការផលិតជាវីដេអូរគំនូរជីវចល (infographic animation) ជាដើម។ល។
លោកស្រី ជុន សុថានី អគ្គនាយិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE បានលើកឡើងថា លោកស្រីមានមោទនភាពដែល FIRST FINANCE បានកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដោយរលូន ជាពិសេសការផ្ដល់សេវាប្រឹក្សាដោយមិនគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ព្រោះសកម្មភាពទាំងនេះជាអ្វីដែល FIRST FINANCE បានកំពុងផ្ដល់ជូនទាំងអតិថិជនរបស់ខ្លួន ដែលជាប្រជាជនកម្ពុជាមានចំណូលទាប និងមធ្យម និងសាធារណៈជនទូទៅ លើសពីសេវាហិរញ្ញវត្ថុរបស់ស្ថាប័ន។
លោកស្រី ជុន សុថានី ក៏បានថ្លែងអំណរគុណដល់ BlueOrchard Finance តាមរយៈគម្រោង ផ្ដល់ជំនួយបច្ចេកទេសរបស់មូលនិធិ Microfinance Initiative for Asia (MIFA) ដែលបានផ្ដល់ការគាំទ្រដល់យុទ្ធនាការដ៏មានសារសំខាន់នេះ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះអាចបង្កើនចំណេះដឹងរបស់អតិថិជន និងសាធារណៈជន អំពីសិទ្ធិរបស់ពួកគេលើការគ្រប់គ្រងអចលនទ្រព្យ ហើយពួគគេក៏មានភាពងាយស្រួលក្នុងការទទួលបានការប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យនានា ពីសេវាប្រឹក្សាដែល FIRST FINANCE កំពុងផ្ដល់ជូនផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ ហើយបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ ដែលផ្តោតខ្លាំងទៅលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងសាងសង់ផ្ទះរយៈពេលវែង ក៏ដូចជាកម្ចីអចលទ្រព្យធានារយៈពេលមធ្យម ទៅលើគ្រួសារដែលមានចំណូលទាប និងមធ្យម ដែលមានលទ្ធភាពតិចតួច ឬគ្មានសោះក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដើម្បីទិញផ្ទះ។ FIRST FINANCE គឺជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ មូលនិធិអភិវឌ្ឍន៍កម្ពុជាឡាវ (Cambodia-Laos Development Fund) និងមូលនិធិ Norfund ពីប្រទេសន័រវេ។