លោកស្រី ជុន សុថានី អគ្គនាយិកា ហ្វឺស ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូច ទៅដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមធ្យម ។ កិច្ចសម្ភាសន៍បានធ្វើឡើង ដោយស្ថាប័នគាំពាររបស់ Oikocredit នៅក្នុងប្រទេស ហូឡង់ ដើម្បីស្វែងយល់ពីជីវប្រវត្តិផ្ទាល់ខ្លួន ការងារ និងកិច្ចការរបស់ ហ្វឺស ហ្វាយនែន ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងក្នុងជីវភាពប្រជាជន តាមរយៈការបង្កើនលទ្ធភាពដើម្បីក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន ។
តើអ្នកស្រីអាចណែនាំពីប្រវត្តិខ្លះៗរបស់អ្នកស្រីបានទេ?
បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យផ្នែកគណនេយ្យ នៅឆ្នាំ ២០០២ ខ្ញុំបានចាប់ផ្តើមការងារតំបូងក្នុងផ្នែកសវកម្មផ្ទៃក្នុងនៅអង្គការទស្សនពិភពលោកកម្ពុជា ។ ខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងក្នុងសកម្មភាពប្រត្តិបត្តិការរបស់អង្គការ ហើយពេលនោះហើយដែលខ្ញុំស្គាល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
មិនជាយូរប៉ុន្មាន ខ្ញុំយល់ថាខ្ញុំចាប់អារម្មណ៍ខាងផ្នែកប្រត្តិបត្តិការជាងតួរលេខ។ ខ្ញុំក៏ចាប់ផ្តើមធ្វីការក្នុងក្រុមអភិវឌ្ឍន៍កម្មវិធី ដែលត្រូវធ្វើការជាមួយការិយាល័យកណ្តាល និងអ្នកផ្តល់ជំនួយ ហើយរឿងដែលចាប់អារម្មណ៍បំផុតនោះគឺការធ្វើការក្នុងការសរសេរសំណើរគម្រោងសុំពីម្ចាស់ជំនួយ ។
ក្នុងឆ្នាំ 2007 ខ្ញុំបានប្តូរទៅធ្វើការជាមួយ វីសិនហ្វាន់ ដែលជាដៃគូរបស់អង្គការទស្សនៈពិភពលោក បន្ទាប់មកខ្ញុំបានផ្លាស់ប្តូរមកធ្វើការជាមួយក្រុមហ៊ុនធនាគារចល័តមួយដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី ។ ជាផ្នែកមួយនៃទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន ពួកគេចង់ធ្វើកិច្ចការមួយដែលជួយដល់អ្នកដែលមានចំណូលទាប តាមរយៈការបង្កើតក្រុមហ៊ុនផ្ទេរប្រាក់ ដែលនោះគឺជាពេលដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍កាន់តែខ្លាំង ។ នៅក្នុងឆ្នាំ 2011 ខ្ញុំបានមកបម្រើការនៅ ហ្វឺស ហ្វាយនែន ជានាយកផ្នែកហិរញ្ញវត្ថុ បន្ទាប់មកត្រូវបានតែងតាំងជាអគ្គនាយិកា ក្នុងឆ្នាំ 2014 ។
ហេតុអ្វីបានជាការផ្តល់កម្ចីទិញផ្ទះ និងសាងសង់ផ្ទះខ្នាតតូច របស់ ហ្វឺស ហ្វាយនែន សំខាន់នៅក្នុងប្រទេសកម្ពុជា?
ហ្វឺស ហូម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយពេលនោះស្ថាបនិករបស់យើងមើលឃើញអ្នកដែលមានចំណូលពីប្រាក់ខែក្មេងៗជាច្រើន មិនមានលទ្ធភាពប្រើប្រាស់សេវាកម្ចីលំនៅដ្ឋាន ។ ម៉្យាងគុណសម្បត្តិរបស់ពួកគេមិនត្រូវតាមលក្ខខណ្ឌរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយពួកគេក៏ត្រូវបានមើលរំលងដោយធនាគារ ដែលផ្តោតសំខាន់នៅលើអ្នកដែលមានចំណូលខ្ពស់ ព្រោះគេគិតថាមានហានិភ័យទាប ។
នៅពេលនោះគំនិតក្នុងការផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូចត្រូវបានធ្វើតេស្ត ដោយកំណត់គោលដៅខុសពីធនាគារ ដោយយើងផ្តោតទៅលើអ្នកដែលមានចំណូលទាបនិងមធ្យម ។ ការសាកល្បងទទួលបានជោគជ័យ យើងបានចុះឈ្មោះជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណជាមួយឈ្មោះថ្មីហៅថា ហ្វឺស ហ្វាយនែន ដែលឈ្មោះនោះឆ្លុះបញ្ចាំងពីស្ថានភាពថ្មី ការផ្តោតលើលទ្ធផលសង្គម និងទស្សនៈវិស្ស័យរបស់យើង ។
តើអ្នកអាចផ្តល់ឧទាហរណ៍ណាមួយពីអតិថិជនណាម្នាក់របស់អ្នកបានទេ?
យើងមានសាច់រឿងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន តែមានសាច់រឿងមួយដែលខ្ញុំចង់ជម្រាប គឺទាក់ទងម្តាយ និងកូនស្រី ។
ផ្ទះរបស់ពួកគេត្រូវបានបាត់បង់ដោយការពង្រីកផ្លូវរបស់រដ្ឋ ។ តាមធម្មតាវាជារឿងល្អនៅពេលដែលមានការអភិវឌ្ឍន៍នៅក្នុងសហគមន៍ ប៉ុន្តែសម្រាប់ស្ត្រីពីរនាក់ម្តាយម៉ែកូននេះពួកគាត់បែជាមិនសប្បាយចិត្តទៅវិញនៅពេលដែលដីផ្ទះរបស់គាត់នៅសល់ប្រហែលជាពីម៉ែត្រ បន្ទាប់ត្រូវរងផលប៉ះពាល់ដោយការពង្រីកផ្លូវ ព្រោះគាត់មិនអាចសាងសង់ផ្ទះរស់នៅបាន ។
ពួកគាត់បានប្តូរមករស់នៅក្នុងតួបផ្សាររបស់កូនស្រីគាត់ ។ ពួកគាត់បានរស់នៅទីនោះមួយរយៈ ហើយចំណូលពីអាជីវកម្មរបស់កូន គឺមិនគ្រប់សម្រាប់ក្នុងការទិញផ្ទះនោះទេ ។
គាត់បានទទួលព័ត៌មានពី ហ្វឺស ហ្វាយនែន នៅពេលបុគ្គលិកចុះផ្សព្វផ្សាយ ពួកយើងបានជួបជាមួយកូនស្រី ហើយគាត់បានស្នើកម្ចីដើម្បីទិញដី ហើយសំណើររបស់គាត់ត្រូវបានអនុវម័ត គាត់បានបង់រំលោះជាច្រើនខែបន្ទាប់មកគាត់បានយកកម្ចីសង់ផ្ទះបន្ថែម ។
បន្ទាប់មកពួកគាត់បានចូលទៅរស់នៅក្នុងផ្ទះថ្មី ។ គាត់បានប្រាប់ខ្ញុំថា អរគុណ ហ្វឺស ហ្វាយនែន ដែលផ្តល់លទ្ធភាពអោយគាត់មានផ្ទះម្តងទៀត ។
វាជារឿងដែលគួរអោយរំភើប។ ផ្ទះគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់គ្រួសារ ការដែលអាចមានផ្ទះជារបស់ខ្លួនឡើងវិញគឺជារឿងដែលត្រូវអបអរសាទរ ។
តើអ្វីខ្លះជាបញ្ហាប្រឈមរបស់អ្នកស្រី ក្នុងប្រទេសកម្ពុជា?
រយៈពេលកម្ចីលំនៅដ្ឋានជាទូទៅគឺមានពេលវែង។ ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយសម្រាប់គ្រប់គ្នា ។ ជាទូទៅអតិថិជនរបស់យើងខ្ចីជាមធ្យមក្នុងរយៈពេល 10ឆ្នាំ ។ ហ្វឺស ហ្វាយនែន មានសំណាងដែលកម្ចីរបស់យើងមានរយៈពេលជាទូទៅ ៥ឆ្នាំ ដែលធម្មតាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទៅអាចខ្ចីបានត្រឹមរយៈពេលតែ 3ឆ្នាំប៉ុណ្ណោះ ។
តែទោះជាយ៉ាងណា វាមិនសមមូលជាមួយរយៈពេលដែលយើងបានផ្តល់ឲ្យអតិថិជនរហូតដល់ ១០ ឆ្នាំ ព្រោះវាមានគម្លាតពីគ្នារហូតដល់ 5ឆ្នាំ ។
បញ្ហាប្រឈមមួយទៀតនោះ គឺភាពឯកោពីព្រោះយើងគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយគត់ដែលផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូច មានស្ថាប័នតិចណាស់ដែលយើងអាចនិយាយជាមួយ និងអាចរៀនសូត្រពីគេបាន ។ យើងមិនអាចដើរតួជាអ្នកបង្កើតថ្មីជានិច្ចនោះទេ ពេលខ្លះយើងក៏ត្រូវរៀនសូត្រពីពីគេនូវបទពិសោធន៍ល្អៗដែលគេបានអនុវត្តផងដែរ ។
យើងតែងតែសួរខ្លួនឯងថាអ្វីដែលយើងកំពុងធ្វើជារឿងត្រឹមត្រូវដែរឬទេ? តើយើងអាចធ្វើអ្វីឲ្យប្រសើរជាងនេះ និងប្លែកពីនេះទេ?
អ្នកដទៃតែងសួរយើងថា ហេតុអ្វីបានជាយើងដាក់កម្រិតខ្លួនឯងបែបនេះ ផ្តល់តែកម្ចីលំនៅដ្ឋានតែមួយមុខ។ បើយើងផ្តល់សេវាផ្សេងបន្ថែម ប្រហែលយើងអាចទទួលបានចំណូលល្អជាងនេះ។ វាអាចថាយឺត ប៉ុន្តែយើងបានធ្វើឲ្យមានការខុសប្លែក ហើយវាជាអ្វីដែលយើងចង់បាន ។ យើងអាចនឹងមិនរីកធំធាត់លឿនដូចស្ថាប័នដទៃ ព្រោះអាជីវកម្មរបស់យើងមិនបានផ្តោតតែទៅលើប្រាក់ចំនេញមួយមុខនោះទេ យើងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវផលប៉ះពាល់ជាវិជ្ជមានដល់សង្គម ហើយនេះក៏ជាអ្វីដែលបានលើកទឹកចិត្តដល់បុគ្គលិកយើងគ្រប់គ្នាផងដែរ ។
បំណុលវណ្ឌករគឺជាចំណុចក្តៅដែលកើតមាននៅក្នុងប្រទេសកម្ពុជា តើអ្នកមានវិធានការអ្វីក្នុងការទប់ស្កាត់នូវបញ្ហានេះដែរឬទេ?
យើងមានសមាគមន៍ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗក្នុងប្រទេសកម្ពុជា ព្រមជាមួយអ្នកផ្តួចផ្តើមនិងបង្កើតច្បាប់ ។ ពីមុនយើងមិនមានច្បាប់កំណត់ពីចំនួនកម្ចីនោះទេ អតិថិជនម្នាក់អាចខ្ចីរហូតដល់ ៥ស្ថាប័ន។ ដោយព្រួយបារម្ភពីបំណុលវណ្ឌករ សមាគមន៍បានកំណត់នូវចំនួនស្ថាប័នដែលអតិថិជនអាចខ្ចីបានមិនលើសពី ២ស្ថាប័ន និង មិនលើសពី ៣ស្ថាប័នសម្រាប់កម្ចីជាក្រុមដែលមានទំហំកម្ចីតូចៗ ។
ដូចគ្នានេះដែរ សម្រាប់យើងប្រសិនបើអតិថិជនមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី ដូចជាសមាជិកគ្រួសារឈឺ ស្ថានភាពចំណូលប្រែប្រូលតាមអាកាសធាតុជាដើម យើងនឹងធ្វើការជាមួយអតិថិជនដើម្បីដោះស្រាយបញ្ហាលំបាករបស់ពួកគេ ។ សម្រាប់បញ្ហាហិរញ្ញវត្ថុរយៈពេលវែង តម្រូវឲ្យយើងប្រឹក្សាជាមួយអតិថិជន និងធ្វើការវាស់វែងឲ្យច្បាស់លាស់ថាតើអតិថិជនអាចបន្តការបង់ដែរឬទេ?
ជាទូទៅនៅក្នុងសកលលោក តួនាទីអ្នកដឹកនាំជាស្ត្រីគឺនៅមានចំនួនកំណត់នៅឡើយ សម្រាប់កម្ពុជាវិញយ៉ាងម៉េចដែរចំពោះបញ្ហានេះ?
វាជារឿងស្រដៀងគ្នាដែរ នៅផ្នែកខ្លះកាន់ខ្សត់ជាងនេះទៅទៀត។ យើងមានប្រហែលជា 70 ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និង 35 ធនាគារពាណិជ្ជ ប៉ុន្តែចំនួនអគ្គនាយកប្រតិបត្តិជាស្ត្រីនៅមាន កម្រិតនៅឡើយ ។
ក្នុងអាជីវកម្មមីក្រូហិរញ្ញវត្ថុ ដែលបង្កើតឡើងជាលក្ខណៈគ្រួសារជាទូទៅគឺមាន អគ្គនាយកប្រត្តិបត្តិជាស្ត្រី ពីព្រោះជាទូទៅអាជីវកម្មលក្ខណៈគ្រួសារស្ត្រីតែងជាមនុស្សដែលគ្រប់គ្រងក្រុមហ៊ុន ។
យើងត្រូវបានធំធាត់ឡើងក្នុងទំនៀមទំលាប់ ស្ត្រីគឺជាអ្នកមើលការខុសត្រូវក្នុងផ្ទះមើលថែទាំកូនៗ សុខមាលភាពក្នុងគ្រួសារ តែមិនមែនជាមេគ្រួសារនោះទេ មានតែបុរសប៉ុណ្ណោះជាមេគ្រួសារ នឹងធ្វើការសម្រេចចិត្តគ្រប់រឿងបាន ។
តែទោះជាយ៉ាងណា យើងចាប់ផ្តើមឃើញមានតុល្យភាពយ៉ែនឌឺនៅក្នុងសង្គម ។ ស្ត្រីកាន់តែច្រើនបានទៅរៀន និងរៀនបានខ្ពស់ៗទៀតផង ។
តើអ្នកស្រីជួបការលំបាកក្នុង តួរនាទីជាអគ្គនាយិកានៅ ហ្វឺស ហ្វាយនែន?
នៅពេលដែលខ្ញុំកាន់តំណែងនេះ មានគេប្រាប់ខ្ញុំថាជីវិតរបស់ខ្ញុំអាចនឹងប្រែប្រួល ។ ការធ្វើឲ្យមានតុល្យភាពរវាងជីវិតគ្រួសារ និងការងារ ពេលយើងនិយាយគឺវាងាយ តែមិនស្រួលទេពេលអនុវត្តន៍ជាក់ស្តែង ។ ស្វាមីរបស់ខ្ញុំគាត់មានការយោគយល់ច្រើនចំពោះបញ្ហានេះ ព្រោះគាត់ក៏ជាអ្នកធ្វើការពេញម៉ោងម្នាក់ដែរ ។ ពួកយើងមានពេលតិចតួចសម្រាប់កូនៗរបស់យើង ។ យើងចែកគ្នាក្នុងការធ្វើកិច្ចការផ្ទះ។ នៅចុងសប្តាហ៍ខ្ញុំបានប្រើពេលវេលាច្រើនដើម្បីគ្រូសារ ហើយជាពិសេសគឺចំណាយពេលជាមួយកូនៗ ។
ខ្ញុំគិតថាអ្នករួមការងាររបស់ខ្ញុំ ដែលជាបុរសក៏ជួបបញ្ហាដូចគ្នា ក្នុងការធ្វើឲ្យមានតុល្យភាពរវាងការងារ និងគ្រួសារ។ អាស្រ័យហេតុនេះ ខ្ញុំគិតថាបញ្ហានេះវាមិនទាក់ទងនឹងយែនឌឺនោះទេ ។
បើយើងមើលពីជ្រុងអាជីវកម្ម ខ្ញុំអាចនិយាយថាវាមិនមានជាបញ្ហាអ្វីនោះទេ ពីព្រោះសង្គមបានផ្តល់ភាពស្មើគ្នាចំពោះស្ត្រីនិងបុរស ម៉្យាងវិញទៀតខ្ញុំក៏មិនត្រូវបានគេមិនឲ្យតម្លៃជាអគ្គនាយិកាដោយមូលហេតុមកពីខ្ញុំជាស្ត្រីនោះដែរ ។ វាប្រហែលមកពីយើងមានវិនិយោគិនភាគច្រើនជាជនបរទេស ។ចំពោះបញ្ហានេះយើងឃើញមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយចំនួនស្ត្រីដែលតំណែងខ្ពស់ៗ មានកាន់តែច្រើនឡើងដែរនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។
តើ Oikocredit បានជួយដល់អ្នកស្រីអ្វីខ្លះក្នុងការដោះស្រាយបញ្ហាប្រឈមដែល ហ្វឺស ហ្វាយនែន បានជួបប្រទះ?
ក្រៅពីផ្តល់ជាហិរញ្ញប្បទាន Oikocredit បានវិនិយោគបន្ថែមលើការបណ្តុះបណ្តាលដៃគូរបស់ខ្លួនថែមទៀត ។ ឧទាហរណ៍ ក្នុងឆ្នាំ 2005 Oikocredit បានផ្តល់វគ្គបណ្តុះបណ្តាលដល់យើងទាក់ទងនឹងការគ្រប់គ្រងហានិភ័យ ដែលរួមមានការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យឥណទាន និងការគ្រប់គ្រងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ។ ហ្វឺស ហ្វាយនែន ក៏បានចូលរួមសិក្ខាសាលា ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ (ដែលផ្តល់ការណែនាំពីវិធីស្វ័យវាយតម្លៃលើគោលការណ៍ការពារអតិថិជន)។ ដោយសារធនធានរបស់យើងមានកម្រិត ដូច្នេះការផ្តល់នូវវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ។ ដូចគ្នានេះដែរ ហ្វឺស ហ្វាយនែន បានធ្វើការជាមួយអ្នកជំនាញក្នុងការផ្តល់ដំបូន្មានល្អៗដល់អតិថិជនរបស់យើងផងដែរ ។ យើងផ្តល់លើសពីសេវាហិរញ្ញវត្ថុ យើងគឺជាដៃគូដំណោះស្រាយផ្នែកលំនៅដ្ឋាន។ យើងចង់ក្លាយជាអ្នកប្រឹក្សា ជាដៃគូរបស់អតិថិជន រាល់ពួកគាត់មានបញ្ហារឿងផ្ទះសម្បែងពួកគេអាចមកប្រឹក្សាជាមួយយើងប្រកបដោយទំនុកចិត្ត ។
បន្ថែមពីនេះ ក្នុងនាមជាវិនិយោគិន Oikocredit អាចណែនាំយើងនូវស្ថាប័នដែលមានបទពិសោធន៍ ដើម្បីឲ្យយើងបានរៀនសូត្រស្វែងយល់បន្ថែមពីបញ្ហាប្រឈម បទពិសោធន៍ និងការអនុវត្តន៍ល្អៗដែលគេបានធ្វើកន្លងមក ។
តើមានហេតុផលជាក់លាក់ណាមួយទេដែលធ្វើឲ្យអ្នកស្រីសម្រេចចិត្តបន្តធ្វើការជាមួយ Oikocredit?
យើងសម្រេចចិត្តនៅតែបន្តការងារជាមួយ Oikocredit ពីព្រោះ Oikocredit ផ្តោតទៅលើលទ្ធផលសង្គម ។ យើងបានឃើញពីរបៀបធ្វើការជាមួយយើង តាមរយៈការចុះវាយតម្លៃ ត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេលើបញ្ហានេះ ។ តាមរយៈសំណូរដែលអ្នកសួរក៏បានបង្ហាញនូវអ្វីដែលអ្នកកំពុងស្វែងរកផងដែរ ហើយនេះក៏ជាហេតុផលដែលយើងខ្ញុំបន្តទំនាក់ទំនងជាមួយ Oikocredit ។
យើងមានមោទនភាពក្នុងភាពជាដៃគូជាមួយ Oikocredit ពីព្រោះអ្នកបានធ្វើនូវអ្វីដែលអ្នកបាននិយាយថានឹងធ្វើវា ។