លោក ប៉ិច ជី ជាអតីតទាហានក្នុងកងយុទ្ធពលខេមរភូមិន្ទ។  ក្នុងពេលប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហម​ដែល​​នៅ​សេសសល់ ក្នុងពាក់កណ្ដាលទសវត្សរ៍ទី ៩០ គាត់​បាន​​រងគ្រោះ​​ដោយការដើរជាន់មីន ដែល​ធ្វើឱ្យ​​គាត់ពិការ​ជើង​ស្ដាំ។

បើទោះបីជាមានរឿងមិនល្អនេះបានកើតឡើង គាត់បានប្រឹងប្រែងធ្វើការដោយចិញ្ចឹមជ្រូក និងផលិតស្រាអង្ករដើម្បីលក់ ជាមួយភរិយារបស់គាត់គឺ លោកស្រី អឿន យឿន។ ក្នុង​ពេលដែលត្រូវចិញ្ចឹមកូនប្រុសបីនាក់ និងកូនស្រីម្នាក់ គាត់ត្រូវប្រើពេលស្ទើរតែពេញមួយជីវិតរបស់គាត់ក្នុងការ សន្សំប្រាក់​ដើម្បី​សាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់ក្នុងស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង។

ទោះបីយ៉ាងណា គាត់មិនទាន់មានប្រាក់សន្សំ​គ្រប់គ្រាន់នៅ​​ឡើយ​ដើម្បីសង់ផ្ទះ ហើយបន្ទាប់ពីអ្នកជិតខាងម្នាក់​បាន​​​ណែនាំ​គាត់អំពី ហ្វឺស ហ្វាយនែន គាត់ និង​ភរិយា​បាន​សម្រេច​ចិត្តជ្រើសរើសយកកម្ចីសម្រាប់សាងសង់ផ្ទះ។ ជាមួយ​​​​នឹងប្រាក់ចំណូល ៤៩៦ ដុល្លារ ក្នុងមួយខែ ក្នុង​​ខែ​មេសា ឆ្នាំ២០១៧ ពួកគាត់អាចទទួលបានកម្ចីចំនួន ៥០០០ ដុល្លារ ដែលអាចបង់សងក្នុងរយៈពេល ១២០ខែ។

លោក ប៉ិច ជី និយាយថា គាត់ពេញចិត្តនឹងការបង់សងក្នុង​រយៈពេលវែងលើកម្ចីដែលអាចធ្វើឱ្យគាត់មានលទ្ធភាព​បង់ និង​ភាពងាយស្រួលនៃការអនុម័តឥណទាន។ គាត់​​ថ្លែង​​​អំណរ​គុណ​ជាពិសេសថា ៖ “ ហ្វឺស ហ្វាយនែន មិន​រើសអើង​ខ្ញុំ​ទេ ក្នុងការផ្ដល់កម្ចីដល់ខ្ញុំដើម្បីសង់ផ្ទះ “ ។