ដោយប្រកាន់ជំហរធ្វើជា ដៃគូដែលផ្ដល់ដំណោះស្រាយផ្នែកលំនៅដ្ឋាន ហ្វឺស ហ្វាយនែន បានកំពុងផ្ដល់ដល់អតិថិជនរបស់ខ្លួនលើសពីសេវាហិរញ្ញវត្ថុ។ ជាមួយបទពិសោធន៍ជាង 10 ឆ្នាំ លើការផ្ដល់កម្ចីលំនៅដ្ឋានខ្នាតតូច យើងមើលឃើញថា ប្រជាជនកម្ពុជានៅតែប្រឈមមុខ នឹងបញ្ហាជាច្រើនក្នុងការទិញ លក់អចលនទ្រព្យ។ បញ្ហាទាំងនោះរួមមាន ការទិញដី ឬផ្ទះដែលមិនមានប្រវត្តិច្បាស់លាស់ ការទិញពីអ្នកអភិវឌ្ឍអចលនទ្រព្យខុសច្បាប់ (បុរី) ដី ឬផ្ទះដែលមានប្លង់ជាន់គ្នា ការទទួលយកប្លង់ទន់ទាំងដឹងថាប្លង់ដើមជាប្លង់រឹង ឬធ្វើការផ្ទេរកម្មសិទ្ធិត្រឹមថ្នាក់ភូមិ ឬឃុំដើម្បីកុំឲ្យជាប់ពន្ធជាដើម។ ទាំងនេះជាបញ្ហាប្រឈមសម្រាប់អ្នកទិញ ដែលអាចឈានដល់ការបាត់បង់កម្មសិទ្ធិលើអចលនទ្រព្យរបស់ពួកគេ។ ការយល់ដឹងនៅមានកម្រិតលើការទិញលក់អចលនទ្រព្យ ការគ្រប់គ្រង ឬការផ្ទេរកម្មសិទ្ធិស្របច្បាប់ ជាមូលហេតុនៃបញ្ហាទាំងនេះ។
ហ្វឺស ហ្វាយនែន បានមើលឃើញពីភាពចាំបាច់ក្នុងការដោះស្រាយបញ្ហានេះ ហើយដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Microfinance Initiative for Asia (MIFA) តាមរយៈ BlueOrchad បានសហការជាមួយដៃគូ និងអ្នកជំនាញមកពីក្រសួងពាក់ព័ន្ធបង្កើតយុទ្ធនាការអប់រំសម្រាប់សាធារណៈជនលើការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យ ដែលបានចាប់ផ្តើមក្នុងឆ្នាំ2018 និងបញ្ចប់នៅឆ្នាំ 2019។ យុទ្ធនាការនេះរួមមាន ការរៀបចំសិក្ខាសាលាសាធារណៈ ការបណ្ដុះបណ្ដាលដល់បុគ្គលិក ការផ្ដល់សេវាប្រឹក្សាដល់អតិថិជន និងការផលិតជាវីដេអូអប់រំក្នុងទម្រង់ជាគំនូរជីវចលជាដើម ។
លើកកម្ពស់ការយល់ដឹងតាមរយៈវីដេអូគំនូរជីវចល
គន្លឹះសំខាន់ៗ សម្រាប់ការទិញផ្ទះ ការយល់ដឹងពីហានិភ័យ និងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុសម្រាប់អ្នកទិញផ្ទះលើកដំបូង ត្រូវបានសង្ខេប និងធ្វើជាវីដេអូគំនូរជីវចលដ៏គួឲ្យទាក់ទាញ។ គោលបំណងនៃការផលិតវីដេអូនេះគឺដើម្បីឲ្យអ្នកមើលងាយស្រួលយល់ពីព័ត៌មានសំខាន់ៗទាក់ទងនឹងការទិញផ្ទះ។ វីដេអូដំបូងត្រូវបានចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ហ្វឺស ហ្វាយនែន (Facebook និង YouTube) ដែលអាចមើលបានតាមរយៈអ្នកប្រើប្រាស់ទូរសព្ទ Smartphone ទូទាំងប្រទេស ហើយវីដេអូទាំងនេះទទួលបានការចាប់អារម្មណ៍ និងចែករំលែកច្រើនពីអ្នកទស្សនាផងដែរ។
វីដេអូ ចំនួន 4 ត្រូវបានផលិតនៅក្នុងឆ្នាំ 2019 ដែលខ្សែរវីដេអូនីមួយ ៗ ទទួលបានការទស្សនាប្រហែលជា 10មឺុនដង ។

ការប្រឹក្សាដោយមិនគិតប្រាក់
ជាផ្នែកមួយនៃកម្មវិធី សេវាបម្រើអតិថិជនត្រូវបានបង្កើតឡើងក្នុង ខែកុម្ភៈ ឆ្នាំ 2019 ដើម្បីផ្តល់ប្រឹក្សាជូនដល់សាធារណៈជនដែលមានចម្ងល់ទាក់ទងនឹងបញ្ហាអចលនទ្រព្យ ។ ក្រៅពីមធ្យោបាយនេះ យើងក៏ធ្វើការឆ្លើយតបរាល់សំនួរដែលទទួលបានតាមរយៈបណ្តាញ សង្គម Facebook ដែលជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយម ។

កម្មវិធីទូរទស្សន៍
យើងបានជ្រើសរើសយកកម្មវិធីមួយនៅលើបុស្តិ៍ទូរទស្សន៍ MyTV ដែលជាបុស្តិ៍មានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីចាក់ផ្សាយវេទិកាឆ្លងឆ្លើយទាក់ទងនឹងហានិភ័យក្នុងការទិញ/លក់អចលនទ្រព្យ ។
ប្រធានបទចំនួន 8 ត្រូវបានចាក់ផ្សាយនៅរៀងរាល់ល្ងាចថ្ងៃចន្ទ ចាប់ពីម៉ោង 18:00 ទៅ ដល់ម៉ោង 19:00 សម្រាប់រយៈពេល 2 ខែ គឺខែ មេសា ដល់ខែ ឧសភា ។ រូបភាពវីដេអូក៏ត្រូវបានយកមកដាក់ផ្សាយបន្តនៅបណ្តាញសង្គម Facebook របស់ ហ្វឺស ហ្វាយនែន ផងដែរ ។ ប្រធានបទនីមួយៗ ទទួលបានការទស្សនាច្រើនជាង 3 ពាន់ដង ។