ពេលបវេសនកាលរបស់កូនៗចូលមកដល់ ឳពុកម្តាយអាចដើរតួរជាអ្នកជំរុញទឹកចិត្តដល់កូនៗ ឬក៏ជាអ្នកដាក់សម្ពាធលើកូន ឬអាចដើរតួរជាទាំងពីរ។ សូមឳពុកម្តាយយកពេលដ៏ខ្លីមួយពិចារណាបន្តិច។ តើការដែលយើងបញ្ជូនកូនទៅសាលាដែលល្អបំផុតគ្រប់គ្រាន់ធ្វើឲ្យយើងរួចពីទំនួលខុសត្រូវលើការសិក្សារបស់កូនមែនទេ?​ វាពិតជាសំខាន់ណាស់ក្នុងនាមជាឳពុកម្តាយត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់កូននិងផ្តល់ឲ្យពួកគេនូវបរិយាកាសមួយដែលធ្វើឲ្យពួកគេចង់រៀ​ន។

ឥឡូវសូមយើងស្វែងយល់ពីគន្លឹះនៃការអប់រំនៃ Maria Montessori។ វាជាវិធីសាស្រ្តនៃការអប់រំមួយដែលផ្អែកលើការសិក្សាពីវ័យនៃការអភិវឌ្ឍន៍របស់ក្មេង។ ខាងក្រោមនេះជាគន្លឹះ៦យ៉ាងដើម្បីបង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ។

១. ទម្លាប់នៃការអាន

ការសិក្សាស្រាវជ្រាវបានបង្ហាញថាក្មេងដែលធំឡើងក្នុងគ្រួសារដែលអានច្រើនភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សា។ សូមបង្កើតឲ្យមានទម្លាប់អានឮៗនៅផ្ទះ។ សូមធ្វើឲ្យការអានឲ្យកូនស្តាប់ក្លាយជាផ្នែកមួយនៃសកម្មភាពគ្រួសាររបស់អ្នក ទោះចំណាយពេល៥ឬ១០នាទីក៏ដោយ។ យើងអាចផ្លាស់ប្តូរវេនជាមួយកូនធំដោយឲ្យពួកគេអានឮៗឲ្យទាំងអស់គ្នាស្តាប់។ ហើយលោកអ្នកជាឳពុកម្តាយក៏គួរអានដែរ។ កូនៗដែលឃើញឳពុកម្តាយអានធ្វើឲ្យពួកគេគិតថាការអានជារឿងសប្បាយ។

២. រក្សាសណ្តាប់ធ្នាប់

វានឹងបង្ករភាពគ្មានសណ្តាប់ធ្នាប់បើសិនជាយើងយករបស់ប្រើប្រាស់ទាំងអស់ចេញមកម្តងទាំងអស់។ សូមរៀបចំរបស់របរក្នុងផ្ទះឲ្យមានសណ្តាប់ធ្នាប់ពីព្រោះក្មេងអាចនឹងតំរង់ចិត្តរៀនបានល្អនៅពេលដែលមានបរិយាកាសបែបនេះ។

៣. សម្អាត​ និង អនាម័យ

សូមកុំគិតថាក្មេងតូចៗមិនចេះធ្វើអ្វីសោះនោះ។ យើងអាចបង្ហាញពួកគេពីរបៀបណាដែលពួកគេអាចយករបស់ផ្ទាល់ខ្លួនទៅទុកឲ្យត្រូវកន្លែងដែលពួកគេអាចយកទុកដាក់ដល់ នោះពួកគេនឹងចេះធ្វើវានៅពេលក្រោយ។ ឧទាហរណ៍ថាបង្ហាញពួកគេឲ្យយកសៀវភៅមុនរួចហើយចាំយកតុក្តារួចហើយយកនំ ហើយនឹងរបៀបដាក់ទៅវិញផងដែរ។ ប្រាប់ពួកគេថារបស់ណាដែលងាយបាក់បែក ហើយគួរប្រយ័ត និងគួរថែរក្សាយ៉ាងដូចម្តេច។ អនុញ្ញាត្តឲ្យពួកគេធ្វើការទំាងនោះដោយខ្លួនឯង។

៤. រក្សានៅកន្លែងដែលអាចយកបាន

សូមធ្វើឲ្យក្នុងផ្ទះលោកអ្នកជាកន្លែងដែលកូនៗអាចមានលទ្ធភាពប្រើប្រាស់របស់ទាំងនោះដែរ ដូចជា​ដាក់ទូសៀវភៅទាបសម្រាប់ពួកគេ កន្លែងលាងដៃ កន្លែងជូតដៃ មានតុបាយទាបសម្រាប់ពួកគេជាដើម។ របស់ប្រើប្រាស់ជាប្រចំាថ្ងៃរបស់ពួកគេត្រូវតែឲ្យពួកគេអនុវត្តប្រើជាចំាបាច់។ បើពួកគេអាចចាប់កាន់ញាំ ដោយខ្លួនឯង នោះពួកគេនឹងរីកចម្រើនភាពឯករាជ្យបានល្អ។

វិចារណញ្ញាណដំបូងរបស់ក្មេងគឺនៅពេលដែលពួកគេអាចធ្វើអ្វីមួយបានដោយខ្លួនឯងដោយមិនត្រូវការជំនួយ ហើយឯភាពឯករាជ្យកើតឡើតនៅពេលដែលពួកគេបដិសេធជំនួយពីខាងក្រៅ។

Maria Montessori

៥. ខ្ញុំអាចធ្វើបានទេ?

សូមកុំយល់ថាក្មេងអាយុតិចមិនអាចធ្វើអ្វីបានដូចដែលយើងគិត។ ព្យាយាមកុំធ្វើច្រើនពេកសម្រាប់ពួកគេ​ តែសូមធ្វើជាមួយពួកគេឲ្យបានច្រើនវិញ។ ក្មេងៗរីកចម្រើនទំនុកចិត្តនិងភាពទីពឹងខ្លួនឯងបានច្រើននៅពេលដែលពួកគេមានចំនែកក្នុងសកម្មភាពប្រចំាថ្ងៃ។ នៅពេលដែលពួកគេអាចជួយដល់គ្រួសារនិងមានប្រយោជន៍ក្នុងគ្រួសារនោះពួកគេនឹងមានអារម្មណ៍ថាមានតម្លៃនិងភាពជាកម្មសិទ្ធ។ ក្មេងៗកសាងសមត្ថភាពផ្ទាល់ខ្លួនដោយបានរៀនជំនាញថ្មីៗ ដែលទាំងនេះហើយធ្វើឲ្យពួកគេក្លាយជាក្មេងដែលមានសមត្ថភាព។

មិនមែនអ្វីដែលអ្នកបានធ្វើដល់ពួកគេធ្វើឲ្យពូកគេជោគជ័យនោះទេ តែគឺជាអ្វីដែលអ្នកបានបង្រៀនឲ្យពួកគេចេះធ្វើដោយខ្លួនឯងទៅវិញទេដែលធ្វើឲ្យពួកគេជោគជ័យ។

Ann Landers

៦. ឳពុកម្តាយគួរបន្តររៀនសូត្រ

មានបទពិសោធន៍ផ្ទាល់ខ្លួន​ រួមជាមួយការស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍របស់កូន វានឹងធ្វើឲ្យអ្នករឹតតែប្រសើរ។ លោកអ្នកអាចរៀនពីការអភិវឌ្ឍន៍របស់ក្មេងតាមរយៈអ៊ីនធើណេតនៅផ្ទះក៏បាន។ សូមកុំគ្រាន់តែប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនតែមួយមុខ តែសូមទៅជជែក និងចែករំលែកបទពិសោធន៍ជាមួយឳពុកម្តាយផ្សេងទៀត​ ឬជួបអ្នកជំនាញ។