គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី គឺជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ មូលនិធិអភិវឌ្ឍន៍កម្ពុជាឡាវ (Cambodia-Laos Development Fund) និងមូលនិធិ Norfund ពីប្រទេសន័រវេ។ ហ្វឺស ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០០៩ ហើយបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឯកទេស ក្នុងការផ្តល់ឥណទានផ្ទះសម្បែងមុនគេក្នុងប្រទេសកម្ពុជា។ ហ្វឺស ហ្វាយនែន ផ្តោតយ៉ាងខ្លាំងទៅលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងសាងសង់ផ្ទះរយៈពេលវែង ក៏ដូចជាកម្ចីអចលទ្រព្យធានារយៈពេលមធ្យម ទៅលើគ្រួសារដែលមានចំណូលទាប និងមធ្យម ដែលមានលទ្ធភាពតិចតួច ឬគ្មានសោះក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដើម្បីទិញផ្ទះ។ ធនាគារពាណិជ្ជភាគច្រើនជ្រើសរើសផ្ដល់សេវាកម្ម ឲ្យតែអតិថិជនដែលមានជីវភាពខ្ពស់ប៉ុណ្ណោះ។
ក្រុមហ៊ុន ហ្វឺស ហ៊ូម ភីអែលស៊ី ដែលជាក្រុមហ៊ុនបង្កើត ហ្វឺស ហ្វាយនែន បានធ្វើការសាកល្បង និងបានកែប្រែគំនិតដំបូងដែលមានលើ ការផ្តល់ឥណទានផ្ទះសម្បែង ព្រមទាំងបានធ្វើការសិក្សាជាច្រើន ទៅលើតម្រូវការទីផ្សារសម្រាប់ផលិតផលនេះ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យ ហ្វឺស ហ្វាយនែនរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។
ចក្ខុវិស័យរបស់យើង
ជួយឲ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលមានចំណូលទាប និងមធ្យម បានរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរភាព តាមរយៈការផ្ដល់លទ្ធភាពឲ្យពួកគាត់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន
បេសកកម្មរបស់យើង
បង្កើតស្ថេរភាពសេដ្ឋកិច្ចនៃគ្រួសារកម្ពុជា ដែលមានចំណូលទាប និងមធ្យម តាមរយៈការផ្ដល់សេវាឥណទានដើម្បីឲ្យពួកគាត់ក្លាយជាម្ចាស់កម្មសិទ្ធិនៃផ្ទះសម្បែង
គុណតម្លៃ– IRISE
សុចរិតភាព
ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមានតម្លាភាពគ្រប់សកម្មភាពការងាររបស់យើង ។
ការឆ្លើយតប
យើងតែងនៅកៀកស្និទ្ធជាមួយអតិថិជនគ្រប់គ្រាន់ល្មម ដែលអាចឲ្យយើងផ្តល់ការយកចិត្តទុកដាក់ និងឆ្លើយតបតម្រូវការរបស់ពួកគាត់ទាន់ពេលវេលា។ យើងក៏មានទំនួលខុសត្រូវគ្រប់ទង្វើររបស់យើង និងបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនាផងដែរ ។
ភាពច្នៃប្រឌិតខ្ពស់
យើងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធិភាពដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរជាងមុន ។
ភាពស្មើគ្នា
យើងមានមោទនភាពចំពោះការគោរព ការមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងការបម្រើដល់អតិថិជនដោយស្មើភាព។
ឧត្តមភាព
ការងាររបស់យើងគឺធ្វើឡើងដោយអស់ពីកម្លាំងកាយចិត្ត។
ចំពោះគ្រួសារ ហ្វឺស ហ្វាយនែន (បុគ្គលិកនិងថ្នាក់ដឹកនាំ)
IRISE មានន័យថា យើងនៅតែព្យាយាម ធ្វើកិច្ចការរបស់យើងឲ្យកាន់តែល្អនិងប្រសើរជាងមុន។ យើងធ្វើប្រតិបត្តិការដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពស្មោះត្រង់ និងមានតម្លាភាពជានិច្ច។ ជាមួយនិងការច្នៃប្រឌិតខ្ពស់និងមានប្រសិទ្ធិភាពក្នុងការងារ យើងអាចបម្រើអតិថិជនរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុន។ យើងរួមគ្នាដើម្បីឲ្យការងាររបស់យើងកាន់តែមានសន្ទុះខ្លាំងទៅមុខ ក្នុងការលើកកម្ពស់ភាពយុត្តិធម៌ក្នុងសង្គមកម្ពុជា។
ចំពោះអតិថិជនហ្វឺស ហ្វាយនែន
ដោយមានការជឿជាក់ទៅលើគុណតម្លៃ IRISE របស់ ហ្វឺស ហ្វាយនែន អតិថិជនរបស់យើង អាចធ្វើឲ្យ ជីវភាពគាត់កាន់តែប្រសើរឡើង ដើម្បីរស់ក្នុងភាពថ្លៃថ្នូរ សន្តិសុខ សុភមង្គលនិងមានស្ថិរភាព តាមរយៈ ភាពជាម្ចាស់ផ្ទះ។
អតិថិជនគោលដៅ
អតិថិជនគោលដៅរបស់យើង គឺជាប្រជាជនកម្ពុជា ដែលមាន ចំណូលទាប និងមធ្យម ហើយមានឆន្ទៈចង់វិនិយោគទៅលើផ្ទះទីមួយរបស់គាត់។ ហ្វឺស ហ្វាយនែន មានសាខា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងខេត្តកំពត។ សាខាទាំងនេះ ក៏បម្រើសេវាទៅដល់ខេត្តកណ្តាល កំពង់សឺ្ព ប៉ៃលិន ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំផងដែរ។
ការកំនត់យកទីផ្សារគោលដៅ
ប្រជាជនកម្ពុជាភាគច្រើន មិនមានឱកាសទទួលបានសេវាហិរញ្ញវត្ថុផ្នែកផ្ទះសម្បែងជាផ្លូវការនោះទេ។ បច្ចុប្បន្នធនាគារជាច្រើនបានចាប់ផ្តើមផ្តល់កម្ចីទិញផ្ទះ ប៉ុន្តែសេវានេះត្រូវបានគេផ្តោត តែទៅលើអតិថិជនដែលមានជីវភាពធូរធារប៉ុណ្ណោះ។
ហ្វឺស ហ្វាយនែនផ្តល់កម្ចីទិញផ្ទះ និងសេវាកម្មជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ស្របជាមួយនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសកម្ពុជា។ អតិថិជនអាចជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីប្រឹក្សាឥណទានរបស់យើង ដើម្បីយល់ច្បាស់ពីផលិតផល ក៏ដូចជាដំណើរការផ្លូវច្បាប់ ដែលភ្ជាប់ទៅនឹងការទិញផ្ទះលើកដំបូង។
ទស្សនៈវិស័យរបស់យើង
ទស្សនៈវិស័យរបស់យើងមានភាពសាមញ្ញ ៖
យើងគិតដូចជាអតិថិជន និងធ្វើខ្លួនដូចជាម្ចាស់
វិធីសាស្រ្តរបស់យើងគឺកាន់តែងាយ ៖
- ផ្តល់នូវសេវានិងផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
- ផ្តល់នូវនីតិវិធីដែលមានភាពរហ័សនិងងាយស្រួល
- ធ្វើប្រត្តិបត្តិការប្រកបដោយភាពបត់បែន និងមានតម្លាភាព
- បង្ហាញពីភាពសុចរិតទៀងត្រង់ និងសីលធម៍ក្នុងការអនុវត្តអាជីវកម្ម